ផ្សារទំនើបអ៊ីអន៣ នឹងបើកដំណើរការសាកល្បងនៅសប្ដាហ៍ក្រោយ

ផ្សារទំនើបអ៊ីអន៣ តម្លៃជាង២០០លានដុល្លារ នឹងបើកដំណើរការសាកល្បងនៅសប្ដាហ៍ក្រោយ


ផ្សារទំនើបអ៊ីអន៣ ឬអ៊ីអនមានជ័យតម្លៃជាង២០០លានដុល្លារ នឹងបើកឲ្យដំណើរការសាកល្បងនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសជ្រើសរើសបុគ្គលិកជាច្រើនមុខតំណែងតាំងពីដើមឆ្នាំកន្លងមក។ ការដាក់ឲ្យដំណើរការនេះ វានឹងរួមចំណែកជួយជំរុញឲ្យវិស័យលក់រាយនៅកម្ពុជាកាន់តែភាពសម្បូរបែបនិងប្រកួតប្រជែងខ្ពស់ បន្ទាប់ពីផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ដែលមានទីតាំងនៅក្បែរនោះ ទើបដាក់ឲ្យដំណើរការកាលពីពេលថ្មីៗ។
ផ្សារទំនើបអ៊ីអន៣ តម្លៃជាង២០០លានដុល្លារ នឹងបើកដំណើរការសាកល្បងនៅសប្ដាហ៍ក្រោយ

វត្តមានផ្សារទំនើបធំៗទាំងនេះ បាននិងកំពុងអង្រួនសក្ដានុពលតំបន់ភាគខាងត្បូងរាជធានីភ្នំពេញឲ្យទាក់ទាញការវិនិយោគគម្រោងធំៗកាន់តែច្រើនឡើងផងដែរ។

បើយោងតាមការជូនដំណឹងរបស់ក្រុមហ៊ុន AEON Mall Cambodia ផ្សារទំនើបអ៊ីនអន៣ ឬអ៊ីអនមានជ័យនឹងដាក់ឲ្យដំណើរការសាកល្បងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ បើតាមការគូសបញ្ជាក់ក្រុមហ៊ុននេះ ការដាក់ឲ្យដំណើរការនេះធ្វើឡើងលើផ្នែកមួយចំនួនប៉ុណ្ណោះ ពោលគឺមិនទាន់ដាក់ឲ្យដំណើរការទាំងស្រុងនោះទេ។ តាមគម្រោងផ្សារទំនើប ដែលមានទុនវិនិយោគជាង២០០លានដុល្លារមួយនេះ គ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅអំឡុងឆមាសទី១ឆ្នាំ២០២៣ ខណៈបច្ចុប្បន្នផ្នែកខ្លះមិនទាន់សាងសង់រួចរាល់នៅឡើយទេ។

វត្តមានរបស់ផ្សារទំនើបអ៊ីអន៣ មិនត្រឹមតែរួមចំណែកជួយអភិវឌ្ឍន៍វិស័យលក់រាយនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន និងការប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជួយអភិវឌ្ឍន៍វិស័យសង់នៅកម្ពុជាទៀតផង ដ្បិតវាជាផ្នែកមួយក្នុងការជួយស្រូបទាញវិនិយោគិនឲ្យមកបោះទុនវិនិយោគលើគម្រោងនានានៅតំបន់នោះ។ ក្រៅពីផ្សារទំនើបអ៊ីអនមានជ័យ នៅតំបន់អភិវឌ្ឍន៍ផ្លូវតេជោ ហ៊ុន សែន ក៏មានផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗ និងមានគម្រោងផ្សារទំនើបផ្សារទំនើប PH Diamond Place តម្លៃ ៦០លានដុល្លារ របស់ក្រុមហ៊ុនប៉េង ហួតផងដែរ។

គួរបញ្ជាក់ថា ផ្សារទំនើបអ៊ីអន៣នេះ គឺជាគម្រោងវិនិយោគធំជាងគេមួយរបស់ក្រុមហ៊ុន AEON បើធៀបនឹងគម្រោងផ្សារទំនើបធំៗចំនួន២ទៀត ដែលក្រុមហ៊ុនជប៉ុនមួយនេះ កំពុងបើកដំណើរការនៅកម្ពុជានាពេលបច្ចុប្បន្ន។ ផ្សារទំនើប អ៊ីអន៣ សាងសង់នៅលើផ្ទៃដីជាង១៧ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅតាមបណ្ដោយផ្លូវសម្តេចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រ និងមានហាងសរុបប្រមាណ២៥០ហាង និងកន្លែងចតរថយន្ដអាចដាក់បានដល់ទៅ៤ពាន់គ្រឿង។

យើងសង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យលក់រាយនៅកម្ពុជាមានការរីកដុះដាលយ៉ាងខ្លាំង ជាក់ស្តែងមានគម្រោងហាងទំនិញ ផ្សារទំនើប និងមជ្ឈមណ្ឌលទំនិញជាច្រើនត្រូវបានបោះទុនអភិវឌ្ឍន៍។ បើតាមរបាយការណ៍របស់ក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យ CBRE វិស័យលក់រាយនៅកម្ពុជានឹងបន្ដកើនឡើងថែមទៀតនៅឆ្នាំ២០២២នេះ ដោយក្នុងនោះ ការផ្គត់ផ្គង់សម្រាប់ទីតាំងលក់រាយអាចនឹងកើនដល់ទៅជាង១៩ម៉ឺនម៉ែត្រការ៉េ។ ក្រៅតែពីគម្រោងផ្សារទំនើបអ៊ីអន៣ គេសង្កេតឃើញថា កម្ពុជាកំពុងមានគម្រោងផ្សារទំនើបធំៗជាច្រើនទៀតដូចជាផ្សារទំនើប ជីប ម៉ុង, ផ្សារទំនើបសិនជូរី ផ្លាហ្សា, ផ្សារទំនើប Prince International Plaza និងគម្រោងផ្សារទំនើប Lucky Pavilion Mall ជាដើម៕




អត្ថបទបន្ទាប់


ទុន ៤២៣លានដុល្លាររបស់ធនាគារ SME ត្រូវបានបញ្ចេញជូនសហគ្រាសជាង៣ពាន់ ដើម្បីស្ដារអាជីវកម្មពីវិបត្តិកូវីដ១៩

ព័ត៌មាន
គិតត្រឹមខែតុលា ឆ្នាំ២០២២ ធនាគារ SME ដែលជាធនាគារបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ ៤២៣លានដុល្លារ ទៅដល់សហគ្រាសធុនតូច និងមធ្…

ពលរដ្ឋរិះគន់ការប្រើប្រាស់ Border Pass ឆ្លងព្រំដែនថៃត្រូវចំណាយថ្លៃខ្ពស់ ខណៈអាជ្ញាធរថាកំពុងរកដំណោះស្រាយ

ព័ត៌មាន
ប្រជាពលរដ្ឋដែលជាអ្នកអ្នកប្រកបរបររកស៊ីចេញចូលព្រំដែនកម្ពុជាថៃ ប៉ោយប៉ែត ថ្មីៗនេះ បានរអ៊ូរទាំអំពីការចេញចូលឆ្លងដែនដោយប្រើប្រាស់ Border Pass …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ