សេដ្ឋកិច្ច​កម្ពុជា​អំឡុងពេល​កូវីដ-១៩

នាយករដ្ឋមន្ត្រី៖ កូវីដ-១៩ បំផ្លាញយើង រួមទាំងពិភពលោក តែមិនអាចធ្វើឲ្យយើងស្លាប់ទេ!


នាយករដ្ឋមន្ត្រី កម្ពុជា សម្តេច ហ៊ុន សែន បានលើកឡើងថា បញ្ហាមេរោគឆ្លងកូវីដ-១៩ កំពុងបំផ្លិចបំផ្លាញកម្ពុជា រួមទាំងពិភពលោកទាំងមូល ប៉ុន្ដែ សម្រាប់កម្ពុជា កូវីដ-១៩ នេះមិនអាចធ្វើឲ្យប្រទេសនេះស្លាប់ទេ។ ជាក់ស្ដែង មកទល់ពេលនេះ ដ្បិតតែសេដ្ឋកិច្ចកម្ពុជាមានសភាពធ្លាក់ចុះ ប៉ុន្ដែ នៅតែមូលដ្ឋានរឹងមាំ ដែលអាចទ្រាំទ្របាន ដោយក្នុងនោះ គឺមានការចូលរួមចណែកយ៉ាងសំខាន់ពីវិស័យឯកជន។
នាយករដ្ឋមន្ត្រី៖ កូវីដ-១៩ បំផ្លាញយើង រួមទាំងពិភពលោក តែមិនអាចធ្វើឲ្យយើងស្លាប់ទេ!
ដោយ

សម្តេច ហ៊ុន សែន បាន​ថ្លែង​អះអាង​យ៉ាងដូច្នេះ នៅក្នុង​ឱកាស បើកការដ្ឋានសាងសង់ ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទន្លេបាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទី​ក្រុង​រណប​កោះនរា និងពីកោះ​នរា ឆ្ពោះទៅ​ផ្លូវ​ជាតិ​លេខ១ នាព្រឹក​ថ្ងៃទី ២៦ ខែ​តុលា ឆ្នាំ២០២០។

ដ្បិតតែ សេដ្ឋកិច្ច​កម្ពុជា​យើងធ្លាក់ចុះ និងប្រាក់​ចំណូល​មាន​ការថមថយចុះក្ដី ប៉ុន្ដែ បើតាម​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ចំពោះ​ប្រាក់ចំណូល​របស់​រដ្ឋ​​នៅតែ​អាច​ទ្រទ្រង់​សម្រាប់​ការចំណាយ​ផ្សេងៗ​របស់​រដ្ឋបាន​ដដែល។ តួយ៉ាង​ នៅ​ឆមាសទី ១ ឆ្នាំ ២០២០ កម្ពុជា​សម្រេច​បាន​អតិរេក​ពាណិជ្ជកម្ម ប្រមាណ ២០០ លាន​ដុល្លារ ប៉ុន្ដែ នៅត្រីមាសទី ២ ប្រាក់ចំណូល និងចំណាយ​អាចនឹង​មាន​ប្រហាក់​ប្រហែលគ្នា។

សម្តេច តេជោ ហ៊ុន សែន បាន​លើកឡើងថា វិស័យឯកជន បានចូលរួមចំណែក​យ៉ាង​សកម្ម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ក្នុងកាលៈទេសៈ​កូវីដ-១៩នេះ ខណៈ​រាជរដ្ឋាភិបាល​ក៏បាន​ខិតខំ​ធ្វើយ៉ាងណា ជួយ​កុំឲ្យ​ក្រុមហ៊ុន​ក្ស័យធន ឬបិទទ្វារ នៅអំឡុងពេល​កូវីដ-១៩ ដូចជា​ការបន្ធូរបន្ថយ​ពន្ធ និងការលើកទឹកចិត្ត​មួយចំនួន​ទៀត។ សម្តេច បាន​សង្កត់ធ្ងន់ទៀតថា បើរោងចក្រ​បិទទ្វារ នឹងធ្វើឲ្យ​បាត់បង់​ការងារ​ប្រជាជន​ច្រើន ដូច្នេះហើយ ទើប​រាជរដ្ឋាភិបាល​បាន​ដុតដៃដុតជើង ធ្វើយ៉ាងណា​ឲ្យរោងចក្រ​មិនឈាន​ទៅរក​ការក្ស័យធន នៅអំឡុងពេល​ដ៏លំបាកនេះ។

បើតាម​សម្តេច​នាយករដ្ឋមន្ត្រីកម្ពុជា  ការ​បាត់បង់​ការងារ​របស់​ពលរដ្ឋ​​កម្ពុជា​ ដោយសារតែ​រង​ផល​ប៉ះពាល់​ពីកូវីដ-១៩ មកទល់ពេលនេះ មានប្រមាណ ៣០ម៉ឺននាក់ ខណៈដែល​ការងារ​មួយចំនួន​ក៏ត្រូវបាន​បង្កើតឡើង​ជាបន្ដបន្ទាប់ផងដែរ។ ទន្ទឹមនឹងនោះ ការវិនិយោគ​ថ្មីៗ ក៏នៅតែ​មាន​សកម្មភាព​ មិនមាន​ការ​ធ្លាក់ចុះ​ខ្លាំងនោះទេ។ ជាក់ស្ដែង គម្រោង​ទីក្រុង​រណប​កោះនរា ដែល​គ្រោង​នឹង​ចំណាយ​ការ​សាងសង់​សរុប ២ពាន់៥រយ​លាន​ដុល្លារអាមេរិក ដែល​ទើបតែ​បាន​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ពីកោះពេជ្រនោះ ត្រូវបាន​លោកឧកញ៉ា ពុង ឃាវសែ ដែលជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន OCIC និងជាម្ចាស់គម្រោង​ទីក្រុងរណបនេះ បាន​អះអាងថា ក្នុងរយៈពេល ៣ ឆ្នាំ​ក្រុមហ៊ុន​នឹង​ចំណាយ​ថវិកា​៥៥០ លាន​ដុល្លារអាមេរិក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុងរណបនេះ ខណៈគិតតាំង​ពីដើម​ឆ្នាំ​២០២០ មកទល់ពេលនេះ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ សម្រេចបាន ២៧%ហើយ។

លោក ឧកញ៉ា ពុង ឃាវសែ បាន​គូសបញ្ជាក់ទៀតថា សម្រាប់​ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីក្រុង​រណប​កោះនរា​រយៈពេល​៣ឆ្នាំដំបូង រំពឹង​ថា នឹងចូលរួម​ចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ ឬហៅ GDP ររបស់​កម្ពុជា ប្រមាណ ២២៥លានដុល្លារ ក្នុងមួយឆ្នាំៗ ដែលស្មើនឹង​០,៩% នៃ GDP នាពេល​បច្ចុប្បន្ន។ គម្រោងនេះ អាចនឹង​ត្រូវការ​កម្លាំងពលកម្ម​ប្រមាណ ៧០០នាក់ និងអាច​កើនដល់​៧​ពាន់នាក់ នៅពេល​មាន​សកម្មភាព​សាងសង់ពេញ​ទំហឹង ហើយ​នៅពេល​បញ្ចប់​ការសាងសង់​ទីក្រុង​រណប​កោះនរានេះ នឹង​អាច​បង្កើត​ការងារ​បាន​ដល់ជាង ១ម៉ឺន​កន្លែង។

សូមបញ្ជាក់ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅឆ្នាំ២០២០នេះ ត្រូវបាន​ស្ថានប័នអត្រាជាតិ​មួយចំនួន​បាន​ធ្វើការព្យាករ​ថា នឹងមានការធ្លាក់ចុះ​តែ​អត្រា​នៃការព្យាករ​ធ្លាក់ចុះនោះ គឺមាន​ខុសគ្នា។ តួយ៉ាង បានព្យាករថា សេដ្ឋកិច្ច​កម្ពុជា នឹងធ្លាក់ចុះដល់ ២,៨% ខណៈ​ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករ ថា​នឹងធ្លាក់ចុះ ៤% រីឯធនាគារពិភពលោកវិញព្យាករថា ធ្លាក់ចុះ ២%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ពាន​កោះពេជ្រ​-កោះនរា នឹងចំណាយ​ ៣៨លានដុល្លារ និង​ពេល ៣៥ខែ​ដើម្បីសាងសង់

ព័ត៌មាន
ដូចការរំពឹងទុក ថ្ងៃទី២៦ តុលា ឆ្នាំ​២០២០ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​ជាផ្លូវការ​ការដ្ឋាន​សាងសង់​ស្ពាន​បេតុង​ខ្សែកាប ភ្ជាប់ពី…

ផ្សារ​ទំនើប​មួយទៀត ឈ្មោះ​ View Park Mall នឹងផុសឡើង​នៅកណ្ដាល​រាជធានី​ភ្នំពេញ នៅឆ្នាំក្រោយនេះ

ព័ត៌មាន
នៅដើម​ឆ្នាំ​២០២១​ខាង​មុខ​នេះ អ្នករស់នៅទីក្រុងភ្នំពេញ​នឹង​មាន​ជម្រើសទិញទំនិញមួយបន្ថែម​ទៀត​ នៅ​ពេល​ដែល​ផ្សារ​ទំនើប View Park Mall បើក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ