វិបត្តិអង្ករ

ពលរដ្ឋម៉ាឡេស៊ីសម្រុកទិញអង្ករចំពេលតម្លៃទីផ្សារពិភពលោកកើនឡើង


ម៉ាឡេស៊ី ទំនងជាកំពុងតែស្ថិតនៅក្នុងវិបត្តិខ្វះអង្ករ ខណៈដែលមានសេចក្តីរាយការណ៍ថា នៅតាមហាងផ្សារទំនើប និងហាងលក់ទំនិញនានា ដែលមានអង្ករលក់ គឺកំពុងតែដាច់ស្តុក។ ការសម្រុកទិញនេះ មិនមែនម៉ាឡេស៊ីខ្វះស្បៀងទេ គឺពលរដ្ឋសម្រុកទិញ ដោយសារតែបារម្ភថា អង្ករនឹងឡើងថ្លៃខ្ពស់ថែមទៀតនាពេលខាងមុខ។
វិបត្តិអង្ករ
ដោយ

ការកើនឡើងតម្លៃអង្ករនាំចូលមកក្នុងប្រទេសម៉ាឡេស៊ី បានធ្វើឲ្យពលរដ្ឋជាអ្នកទទួលទានអង្ករនៅក្នុងប្រទេសមួយនេះសម្រុកនាំគ្នាទិញអង្ករឡើងអស់ពីស្តុកនៅតាមហាងផ្សារទំនើប និងហាងលក់ទំនិញនានានៅក្នុងប្រទេស ដោយសារពួកគេខ្លាចអង្ករឡើងថ្លៃ និងពិបាករកទិញនៅពេលអនាគត។

សារព័ត៌មាន Nikkei បានរាយការណ៍ថា ម៉ាឡេស៊ីគឺជាប្រទេសផលិតស្រូវនិងអង្ករមួយដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គឺផលិតកម្មស្រូវ/អង្ករនៅក្នុងប្រទេសនេះបានត្រឹមតែ ៧០% នៃតម្រូវការប្រើប្រាស់ប៉ុណ្ណោះ។ ក្រៅពីនោះ ត្រូវនាំចូល ដូច្នេះហើយបានជាបង្ករឲ្យមាន ការព្រួយបារម្ភ ហើយពលរដ្ឋសម្រុកនាំគ្នាទិញទុករហូតដល់អស់ពីស្តុកបែបនេះ ។

សព្វថ្ងៃនេះ នៅតាមផ្សារទំនើប និងហាងលក់គ្រឿងទេសតូចៗជាច្រើនឲ្យតែមានអង្ករ គឺតែងតែត្រូវពលរដ្ឋដណ្តើមគ្នាទិញទាល់តែអស់ពីលើធ្នើរ ជាពិសេសគឺកញ្ចប់អង្ករដែលមានទម្ងន់ចន្លោះពី ៥ គីឡូក្រាម​ទៅ១០គីឡូក្រាម ។

លោក អាមឺរ អាលី មីឌិន (Ameer Ali Mydin) នាយកគ្រប់គ្រងក្រុមហ៊ុនផ្សារទំនើបមួយកន្លែងបានអះអាងថា កង្វះខាតអង្កនៅពេលនេះ គឺបណ្តាលមកពីការកើនឡើងនៃគម្លាតតម្លៃរវាងអង្ករ ដែលផលិតក្នុងស្រុក និងអង្ករនាំចូល។

លោកបានបន្តថា កង្វះខាតកំពុងកើតឡើងដោយសារប្រជាពលរដ្ឋភ័យស្លន់ស្លោរ ហើយសម្រុកនាំគ្នាប្រមូលទិញអង្ករទុក ។

នៅប្រទេសម៉ាឡេស៊ី អង្ករសក្នុងស្រុក គឺជាអាហារស្បៀងចំបង ហើយនៅពេលនេះនៅក្នុងអង្ករមួយកញ្ចប់ទម្ងន់១០ គក មានតម្លៃ២៦ រីងហ្គីត ឫប្រមាណជា ៥ដុល្លារ៥៤សេន ខណៈតម្លៃអង្ករដែលនាំចូល មានតម្លៃថ្លៃជាងអង្ករក្នុងស្រុក។

គេដឹងថា ក្រៅពីកសិករបង្កបង្កើនផលផ្គត់ផ្គង់នៅក្នុងស្រុក ប្រទេសម៉ាឡេស៊ីភាគច្រើននាំចូលអង្ករសពីប្រទេសឥណ្ឌា ប៉ាគីស្ថាន ថៃ វៀតណាម ហើយថ្មីៗនេះក៏មាននាំចូលពីកម្ពុជាផងដែរ ។

ដោយស្ថិតនៅក្នុងស្ថានភាពនេះ ក្រុមហ៊ុន Padiberas Nasional ដែលជាក្រុមហ៊ុនគ្រប់គ្រងការចែកចាយអង្ករនៅក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១ ខែកញ្ញា បានដំឡើងតម្លៃលក់រាយអង្ករនាំចូលរហូតដល់ ៣៦% ។

ពាក់ព័ន្ធនឹងតម្លៃអង្ករនៅលើពិភពលោក អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិបានអះអាងថា តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបានកើនឡើង ដល់ ៣១% កាលពីខែសីហា ដោយការដំឡើងនេះ កើតមានចំពេលមានកង្វះខាតអង្ករសជាសកល និងការហាមឃាត់ការនាំចេញលើគ្រាប់ធញ្ញជាតិ ដែលដាក់ដោយប្រទេសឥណ្ឌាចាប់តាំងពីខែកក្កដា។

ដើម្បីដោះស្រាយបញ្ហានេះ លោក ចាន់ ហ្វូង ហ៊ីន (Chan Foong Hi) អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី បានប្រាប់សភាថា រដ្ឋាភិបាលកំពុងអនុវត្តគម្រោងលើផ្ទៃដីស្រែខ្នាតធំក្នុងរដ្ឋមួយចំនួន ដើម្បីបង្កើនទិន្នផលជាមធ្យមពី៥ទៅ ៧តោនក្នុងមួយហិកតា ហើយជាងនេះទៅទៀត រដ្ឋាភិបាលគ្រោងនឹងស្រាវជ្រាវ និងអភិវឌ្ឍពូជស្រូវថ្មី ដែលអាចប្រមូលផលបានក្នុងរយៈពេល ៧៥ថ្ងៃ ហើយធន់នឹងអាកាសធាតុ និងជំងឺធ្ងន់ធ្ងរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសមយុទ្ធរបស់ចិន ក្បែរកោះតៃវ៉ាន់កាលពីសប្តាហ៍មុន មានបំណងអ្វីឱ្យប្រាកដ?

ព័ត៌មាន
សមយុទ្ធយោធាកាលពីថ្ងៃទី១៩ កញ្ញា ក្បែរកោះតៃវ៉ាន់ ត្រូវបានមន្ត្រីយោធាចិនប្រាប់ថា មានបំណងត្រៀមវាយប្រហារលើ«ក្រុមចង់បំបែកខ្លួន»ដែលកាន់តែគឃ្លើនច…

តើឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអ្វីខ្លះនៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុននៅកម្ពុជា?

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាល ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ