សមយុទ្ធយោធា

តើការធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ NATO ជាការវិលត្រឡប់នៃសង្គ្រាមត្រជាក់ និងធ្វើឱ្យបញ្ហាភូមិសាស្ត្រកាន់តែឡើងកម្តៅមែនទេ?


ពិភពលោកក្នុងឆ្នាំ២០២៤ នេះ កំពុងប្រឈមបញ្ហាឈឺក្បាលច្រើនស្អេកស្កះរួចទៅហើយរាប់ចាប់ពីជម្លោះប្រដាប់អាវុធនៅតំបន់ហ្គាហ្សា និងអ៊ុយក្រែន ការវាយប្រហារផ្លូវដឹកជញ្ជូនទំនិញដ៏សំខាន់នៅសមុទ្រក្រហម ភាពតានតឹងរវាងមហាយក្សចិន និងកោះតៃវ៉ាន់ រហូតដល់ស្ថានការណ៍មិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចរួមមានការដំឡើងអត្រាការប្រាក់ អតិផរណាហក់ឡើងខ្ពស់ វិបត្តិបំណុលគ្រួសារ វិបត្តិបំណុលរដ្ឋាភិបាល និងការដាំក្បាលចុះនៃវិស័យអចលនទ្រព្យជាដើម។
សមយុទ្ធយោធា
ដោយ

មិនតែប៉ុណ្ណោះ បញ្ហាភូមិសាស្ត្រនយោបាយពិភពលោកពេលនេះ ក៏កំពុងឡើងកម្ដៅកាន់តែគួរឱ្យបារម្ភ ខណៈអង្គការបក្សសម្ព័ន្ធយោធា NATO ចាប់ផ្ដើមសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតចាប់តាំងពីសង្គ្រាមត្រជាក់។ តើការធ្វើសមយុទ្ធនេះជាការវិលត្រឡប់ទៅរកសង្គ្រាមត្រជាក់ជាថ្មីឬ?

ក្រុមមន្ត្រីអាម៉េរិក បានអះអាងថា នាវាបុកច្រាំងរបស់កងទ័ពជើងទឹកអាម៉េរិក ដែលមានឈ្មោះថា ហ្គាន់ស្តុន ហល (Gunston Hall) បានចាកចេញពីកំពង់ផែកាលពីថ្ងៃពុធ ទី២៤ ខែមករា ដើម្បីចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់អង្គការបក្សសម្ព័ន្ធយោធា NATO ចាប់តាំងពីសង្គ្រាមត្រជាក់ ពោលគឺចាប់តាំងពីឆ្នាំ១៩៨៨ មក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

សមយុទ្ធយោធាប្រចាំឆ្នាំ២០២៤ ដែលមានឈ្មោះថា ស្ទេតហ្វាស ឌីហ្វិនដឺ (Steadfast Defender) ឬ ដែលមានន័យថា “អ្នកការពារដ៏ស្មោះស្ម័គ្រ” នេះនឹងមានការចូលរួមពីទាហានរហូតដល់ទៅប្រមាណ៩ម៉ឺននាក់មកពីសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់អង្គការ NATO ដែលនឹងបន្តធ្វើរហូតដល់ខែឧសភា ឆ្នាំនេះ។

ទន្ទឹមនេះ ក៏នឹងមានការចូលរួមពីនាវាចម្បាំងជាង៥០គ្រឿងរាប់ចាប់ពីនាវាផ្ទុកយន្តហោះរហូតដល់នាវាពិឃាត យន្តហោះចម្បាំងជាង៨០គ្រឿង ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន ព្រមទាំងរថក្រោះ និងរថពាសដែកសរុបយ៉ាងតិច១ពាន់១០០គ្រឿងផងដែរ។

ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយមើលឃើញថា សមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតនេះ គឺជាការត្រៀមលក្ខណៈសម្រាប់ការឆ្លើយតបទៅនឹងការវាយប្រហារណាមួយពីសំណាក់មហាអំណាចរុស្ស៊ី។ ដ្បិតអង្គការបក្សសម្ព័ន្ធយោធា NATO មិនបានប្រកាសចំឈ្មោះប្រទេសរុស្ស៊ី ប៉ុន្តែឯកសារយុទ្ធសាស្ត្រកំពូលរបស់ខ្លួនបានកំណត់ថា រុស្ស៊ី គឺជាការគំរាមកំហែងដ៏ធំ និងដោយផ្ទាល់បំផុតចំពោះសន្តិសុខរបស់បណ្ដាប្រទេសជាសមាជិករបស់ NATO។

សមយុទ្ធនេះធ្វើឡើងនៅគ្រាដ៏សំខាន់មួយ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បានបញ្ឆេះភ្លើងសង្រ្គាមដ៏បង្ហូរឈាមបំផុតនៅលើទឹកដីអឺរ៉ុបក្នុងរយៈពេលជាង៧០ឆ្នាំមកនេះ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អាឡិចសាន់ដឺ ហ្គ្រូសកូ (Alexander Grushko) បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី អអាយអេ (RIA) កាលពីថ្ងៃអាទិត្យ កន្លងទៅថា សមយុទ្ធយោធា ស្ទេតហ្វាស ឌីហ្វិនដឺ (Steadfast Defender) របស់អង្គការ NATO គឺជាវិលត្រលប់ទៅរកសង្គ្រាមត្រជាក់ជាថ្មី។

បច្ចុប្បន្នអង្គការបក្សសម្ព័ន្ធយោធា NATO ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩ មានប្រទេសជាសមាជិកចំនួន៣១ ដែលភាគច្រើននៅតំបន់អឺរ៉ុប រួមមានអាល់បានី បែលហ្ស៊ិក ប៊ុលហ្គារី កាណាដា ក្រូអាស៊ី ឆេក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អ៊ីស្លង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួ ម៉ុងតេណេក្រូ ហូឡង់ ម៉ាសេដូនីខាងជើង ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ រ៉ូម៉ានី ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ តួកគី អង់គ្លេស និងសហរដ្ឋអាម៉េរិក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប័ណ្ណបើកបររថយន្តនៅប្រទេសវៀតណាម ខុសគ្នាដូចមេឃ និងដី បើធៀបនៅកម្ពុជា

ព័ត៌មាន
តម្លៃនៃការស្នើសុំប្រលងយកប័ណ្ណបើកបររថយន្តក្នុងប្រទេសវៀតណាម នាពេលបច្ចុប្បន្នត្រូវគេដឹងថាមានតម្លៃរហូតដល់ទៅប្រមាណ៨០០ដុល្លារអាម៉េរិក ឯណោះ។ តម្លៃ…

តើប្រទេសណាខ្លះជាប់ចំណាត់ថ្នាក់កំពូលទាំង១០ ដែលមានមាសបម្រុងច្រើនបំផុតប្រចាំឆ្នាំ២០២៣?

ព័ត៌មាន
យោងតាមស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) ជាអង្គការឃ្លាំមើលការវិវត្តនៃទីផ្សារសម្រាប់ឧស្សាហកម្មមាស ដែលមានការិយាល័យកណ្ដាលន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ