ឥណ្ឌូនេស៊ី-មីយ៉ាន់ម៉ា

មន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីប្រាប់ទៅរបបយោធាមីយ៉ាន់ម៉ាត្រង់ៗថា ដល់ពេលដែលត្រូវចុះចេញ


មន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី បានជំរុញឱ្យមេដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ាពិចារណាក្នុងការចុះចេញពីតំណែង ហើយគិតគូអនុញ្ញាតឱ្យមេដឹកនាំដែលជាអ្នកជំនាន់ក្រោយ និងមានមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកគ្រប់គ្រងប្រទេសជំនួសវិញ។ ការលើកឡើងពីមន្ត្រីក្រុងហ្សាកាតាដូចនេះ ធ្វើឡើងស្របពេលដែលមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ចអូសបន្លាយ មិនទាន់រកច្រកចេញបាន គួបផ្សំនឹងទណ្ឌកម្មពីបច្ចឹមលោក ហើយជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃកាន់តែអាក្រក់ទៅៗ នៅតាមព្រំដែន។ នេះបើតាមការចុះផ្សាយដោយកាសែត Bangkok Post។
ឥណ្ឌូនេស៊ីប្រាប់ឱ្យមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាចុះចេញពីតំណែង!

លោក លូហ៊ុត ផាន់ចៃតាន់ (Luhut Panjaitan) រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការដែនសមុទ្រនិងការវិនិយោគ និងធ្លាប់ជាអតីតឧត្តមសេនីយឥណ្ឌូនេស៊ីផងដែរនោះបាននិយាយថា៖ «របបយោធាមីយ៉ាន់ម៉ាគួរតែធ្វើតាមគំរូរបស់ប្រទេសឥណ្ឌូនេស៊ី ដែលកន្លងទៅធ្លាប់ស្ថិតក្រោមរបបយោធាចាប់ពីឆ្នាំ១៩៦៦។ ប៉ុន្តែឥណ្ឌូនេស៊ីបានស្គាល់នូវសករាជថ្មីមួយ ក្រោយពីយោធាបានដោះដៃពីការគ្រប់គ្រងអំណាចតាមបែបរបបសឹក និងប្តូរទៅគ្រប់គ្រងតាមបែបប្រជាធិបតេយ្យវិញចាប៉ពីឆ្នាំ១៩៩៨»។​

លោកគូសបញ្ជាក់ទៀតថា មានកិច្ចជាច្រើនដែលរដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ាត្រូវទទួលបន្ទុក ប៉ុន្តែប្រសិនបើមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ ហេតុអ្វីបានជានៅបន្តកាន់អំណាចទៀត?

មន្ត្រីជាន់ខ្ពស់ក្រុងហ្សាកាតារូបនេះបាននិយាយចំៗថា៖«​សូមរបបសឹក អនុញ្ញាតឱ្យអ្នកដែលមានសមត្ថភាពនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងប្រទេសវិញទៅ ដូចអ្វីដែលបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាគំរូ»។ ទាំងនេះជាការថ្លែងរបស់លោក លូហុត ​ ​នៅ​ក្នុង​កិច្ចពិភាក្សាមួយ​នៅឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ​ដែលសំដៅចំៗលើមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ាគឺឧត្តមសេនីយ៍ Min Aung Hlaing។

សូមរំលឹកបន្តិចថា ឥណ្ឌូនេស៊ីបានវិលទៅរកលទ្ធិប្រជាធិបតេយ្យវិញ បន្ទាប់ពីការទម្លាក់អតីតឧត្តមសេនីយ Suharto ឆ្នាំ១៩៩៨ ដែលបានដណ្ដើមអំណាចដោយធ្វើរដ្ឋប្រហារពីប្រធានាធិបតីទីមួយរបស់ប្រទេសក្នុងឆ្នាំ១៩៦៦។ លោក Suharto បានគ្រប់គ្រងប្រទេសឥណ្ឌូនេស៊ីដោយប្រើកណ្តាប់ដៃដែកអស់រយៈពេល ៣ ទស្សវត្សរ៍ និងបានបង្កទុក្ខវេទនាឥតគណនាលើប្រជាជនឥណ្ឌូនេស៊ី។

ដោយឡែក ឧត្តមសេនីយ Zaw Min Tun អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋបាលនៃរបបសឹកភូមាមិនទាន់មានការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេពីអ្នកសារព័ត៌មាននោះទេ ជុំវិញការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីនេះ។

គួរជម្រាបដែរថា ប្រទេសឥណ្ឌូនេស៊ីនឹងត្រូវធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៣នេះ ដោយគេសង្កេតឃើញថាកន្លងមកឥណ្ឌូនេស៊ីហាក់បង្ហាញជំហរយ៉ាងរឹង ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ កាលពីឆ្នាំមុន ប្រធានាធិបតីលោក Joko Widodo បានស្នើទៅកាន់មេដឹកនាំអាស៊ានផ្សេងទៀតថា តំណាងយោធាមីយ៉ាន់ម៉ាគួរតែត្រូវបានរារាំងក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ និងកិច្ចប្រជុំទាំងអស់របស់អាស៊ាន សូម្បីតែកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី។ ប៉ុន្តែ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ីក៏ដោយ វាហាក់ដូចជាមិនមានសញ្ញានៃការឯកភាព និងមូលមាត់គ្នានៅក្នុងអាស៊ានដែលមានសមាជិក១០ប្រទេសនោះទេ។

សូមជម្រាបថា ទោះបាននិយាយចំៗនិងដោយត្រង់ទៅកាន់របបសឹកមីយ៉ាន់ម៉ាក៏ពិតមែន លោក ផាន់ចៃតាន់ បានសង្កត់ធ្ងន់នៅចុងក្រោយថា ទាំងនេះជាទស្សនៈរបស់លោក ហើយឥណ្ឌូនេស៊ីហើយក៏នឹងបន្តការពិភាក្សាជាមួយមេដឹកនាំរបបយោធា មិន​ថា​ឆ្នាំ​នេះ ឬ​ឆ្នាំ​ក្រោយ​ក៏ដោយ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Toyota កំណត់ចំនួនកម្មង់ទិញរថយន្តម៉ាក Lexus ដោយសារកង្វះខាតគ្រឿងបង្គុំ

ព័ត៌មាន
ក្រុមហ៊ុនរថយន្តយក្សជប៉ុន Toyota បានប្រកាសពីការកំណត់ចំនួនកម្មង់ទិញរថយន្ត Lexus ដែលជាម៉ាករថយន្តប្រណីតរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសជប៉ុន ដ…

បញ្ហាអាកាសធាតុ ត្រូវបានផ្ដោតការពិភាក្សាយ៉ាងក្ដៅគគុកនៅថ្ងៃទី៣នៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក២០២៣

ព័ត៌មាន
នៅថ្ងៃទី៣ នៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្រុងដាវ៉ូស ប្រទេសស្វីស ដែលត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ រឿងរ៉ាវធំៗដែលទទួលបានការចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ