UN ជំរុញឱ្យមានការបញ្ចេញស្រូវសាលីពីប្រទេសអ៊ុយក្រែន

អង្គការសហប្រជាជាតិ ជំរុញឱ្យមានការបញ្ចេញស្រូវសាលីពីប្រទេសអ៊ុយក្រែន ខណៈ ធនាគារពិភពលោកសន្យាបន្ថែមជំនួយ ១២ពាន់លានដុល្លារ


អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃទី ១៨ ឧសភាថា ការកើនឡើងនៃវិបត្តិស្បៀងអាហារពិភពលោកអាចអូសបន្លាយពេលជាច្រើនឆ្នាំខាងមុខ ប្រសិនបើវាមិនត្រូវបានត្រួតពិនិត្យមើលឲ្យបានទាន់ពេលទេនោះ។ ដោយមើលឃើញពីបញ្ហានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញូ ហ្គូធឺរ៉េស បានអំពាវនាវឲ្យរុស្ស៊ី បើកឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែនឡើងវិញ ដើម្បីផ្គត់ផ្គង់ស្បៀងអាហារពិភពលោកដែលកំពុងខ្វះខាត។
លោក អាន់តូនីញូ ហ្គូធឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ

ជាមួយគ្នានេះ ធនាគារពិភពលោកបានប្រកាសផ្តល់មូលនិធិបន្ថែមចំនួន ១២ ពាន់លានដុល្លារអាមេរិក ដើម្បីកាត់បន្ថយ "ឥទ្ធិពលដែលអូសបន្លាយដ៏អាក្រក់នេះ" នៃវិបត្តិស្បៀងអាហារនេះផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានធំៗ។បញ្ហាអសន្តិសុខផ្នែកស្បៀងកំពុងហក់ឡើង ដោយសារតែសីតុណ្ហភាពកើនកំដៅ ការរាតត្បាតនៃមេរោគឆ្លង (COVID-19) និងការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលនាំឱ្យមានកង្វះខាតការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិនិងជីកសិកម្មផ្សេងៗ។នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ស្តីពីសន្តិសុខស្បៀងពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា សង្រ្គាមរុស្សី-អ៊ុយក្រែននឹង "គំរាមកំហែងដល់អាយុជីវិតមនុស្សរាប់សិបលាននាក់ឱ្យធ្លាក់ចូលទៅក្នុងវិបត្តិស្បៀងអាហារ"។ នោះក៏ដោយសារតែប្រទេសរុស្ស៊ី និងអ៊ុយក្រែនតែឯង អាចផលិតបានដល់ទៅ ៣០%នៃការផ្គត់ផ្គង់ស្រូវសាលីពិភពលោកសរុប។ ហើយការឈ្លានពានរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន និងទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិលើប្រទេសរុស្ស៊ីបានរំខានការផ្គត់ផ្គង់ជីកសិកម្ម ស្រូវសាលី និងទំនិញផ្សេងទៀតពីប្រទេសទាំងពីរនេះ ដោយជំរុញឱ្យតម្លៃស្បៀងអាហារ និងប្រេងឥន្ធនៈឡើងថ្លៃ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

សូមរំលឹកថា មុនពេលការលុកលុយរបស់រុស្សីក្នុងខែកុម្ភៈ អ៊ុយក្រែនត្រូវបានគេមើលឃើញថាជាប្រទេសផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការផលិតនំប៉័ងរបស់ពិភពលោក ដោយក្នុងមួយខែអ៊ុយក្រែនបាននាំចេញកសិផលចំនួន ៤លាន៥សែនតោន តាមរយៈកំពង់ផែរបស់ខ្លួន ពោលគឺ ១២% នៃស្រូវសាលីរបស់ពិភពលោក រួមទាំងគ្រាប់ពោត ១៥% និងពាក់កណ្តាលនៃប្រេងចម្អិនអាហាររបស់ពិភពលោក។

ប៉ុន្តែកំពង់ផែអូដេសា (Odessa), ឆុន័រមុក (Chornomorsk) និងកំពុងផែផ្សេងទៀតរបស់អ៊ុយក្រែនត្រូវបានកាត់ផ្តាច់ពីពិភពលោកបច្ចុប្បន្នរុស្ស៊ីកំពុងកាន់កាប់ ហើយបច្ចុប្បន្នអ៊ុយក្រែន អាចផ្គត់ផ្គង់ផលិតផលកសិកម្មទៅកាន់ពិភពលោកបានតែតាមផ្លូវគោកប៉ុណ្ណោះ ដែលមានការកកស្ទះ និងមិនសូវមានប្រសិទ្ធភាពខ្ពស់សម្រាប់ការដឹកជញ្ជូននោះទេ។

លោក Gurterres បានបន្ថែមយ៉ាងច្បាស់ថា វាគ្មានមធ្យោបាយផ្សេង ដើម្បីឆ្លើយតបទៅនឹងវិបត្តិស្បៀងអាហារនេះទេ ក្រៅតែពីបើកឲ្យដំណើរការនូវផលិតកម្មស្បៀងអាហាររបស់អ៊ុយក្រែនឡើងវិញ ហើយប្រទេសរុស្ស៊ីត្រូវតែអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិប្រកបដោយសុវត្ថិភាព និងរក្សាសុវត្ថិភាពកំពង់ផែអ៊ុយក្រែនទាំងនោះ។ លោកក៏បញ្ជាក់ដែរថា អាហារនិងជីកសិកម្មរបស់រុស្សី "ត្រូវតែមានការអនុញ្ញតឲ្យចូលទីផ្សារពិភពលោកយ៉ាងពេញលេញ និងគ្មានដែនកំណត់" ផងដែរ។

ជាមួយគ្នានេះដែរ បើតាមសេចក្តីប្រកាសរបស់ធនាគារពិភពលោក ធនាគារនេះ នឹងផ្តល់នូវជំនួយសរុប សម្រាប់គម្រោងក្នុងរយៈពេល ១៥ ខែខាងមុខក្នុងទំហំទឹកប្រាក់ដល់ទៅ ៣០ ពាន់លានដុល្លារ។ស្ថាប័នអន្តរជាតិមួយនេះបាននិយាយថា មូលនិធិជំនួយថ្មីនេះនឹងជួយជំរុញការផលិតស្បៀងនិងជីធម្មជាតិ ជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មកាន់តែប្រសើរជាងមុន និងជួយដល់គ្រួសារដែលងាយរងគ្រោះ និងអ្នកផលិតផងដែរ។ទីក្រុងវ៉ាស៊ីនតោនបានស្វាគមន៍ការសម្រេចចិត្តនេះ ដែលវាជាផ្នែកមួយនៃផែនការ ដែលមានការចូលរួមដោយមេដឹកនាំពហុភាគីនានា និងធនាគារអភិវឌ្ឍន៍ក្នុងតំបន់ ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារនេះ។

ដោយឡែក ប្រទេសឥណ្ឌាកាលពីចុងសប្តាហ៍នេះ បានបិទការនាំចេញស្រូវសាលីរបស់ខ្លួនដែលបានធ្វើឱ្យតម្លៃស្រូវសាលីកើនឡើងទ្វេដង។ ការហាមឃាត់នៃការនាំចេញរបស់ឥណ្ឌានេះ ត្រូវបានប្រកាសកាលពីសប្ដាហ៍មុន នៅចំពោះមុខការធ្លាក់ចុះនៃការផលិត ដែលបណ្តាលមកពីការកើនឡើងរលកកំដៅខ្លាំង៕

អត្ថបទ ហ៊ុន គន្ធថៃ

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ស្នើឥណ្ឌាពន្លឿននីតិវិធីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងជំរុញការហោះហើរត្រង់រវាងប្រទេសទាំងពីរ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា ដើម្បីពន្លឿននីតិវិធីដើម្បីច…

នាយករដ្ឋមន្ត្រីហ្វាំងឡង់ថា ទោះបានក្លាយជាសមាជិកណាតូ ក៏មិនឲ្យមាននុយក្លេអ៊ែរ ឬមូលដ្ឋានទ័ពណាតូឈរជើងក្នុងទឹកដីខ្លួនដែរ

ព័ត៌មាន
ការស្នើសុំចូលជាសមាជិកណាតូ របស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតកំពុងនៅរាំងស្ទះទៅមុខមិនរួច ទៅក្រោយក៏មិនរួច ដ្បិតថា ប្រទេសទួរគីដែលជាសមាជិកណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ