កម្ពុជា ឥណ្ឌូនេស៊ី និង ថៃ

កម្ពុជា ឥណ្ឌូនេស៊ី និង ថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួន៣ ក្នុងឆ្នាំនេះ


ប្រទេសជាសមាជិកអាស៊ានចំនូន៣ កម្ពុជា ឥណ្ឌូនេស៊ី និង ថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗ ចំនួន៣ ផ្សេងៗគ្នា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។ កិច្ចប្រជុំទាំង៣ នោះរួមមាន កិច្ចប្រជុំកំពូលអាស៊ាន កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ខណៈកិច្ចប្រជុំកំពូលក្រុមប្រទេសរីកចម្រើនជឿនលឿនទាំង២០ G20 ឥណ្ឌូនេស៊ីនឹងធ្វើជាម្ចាស់ផ្ទះ។ រីឯ កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC វិញ គឺប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះ។
រូបតំណាង

នៅឆ្នាំ២០២២នេះ ប្រទេសក្នុងតំបន់អាស៊ានចំនួន៣ កម្ពុជា ឥណ្ឌូនេស៊ី និងថៃ ទទួលបានឯកសិទ្ធិដ៏សំខាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួន៣។ ក្នុងនោះ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាគឺជាប្រធានអាស៊ានប្ដូរវេន និងជាម្ចាស់ផ្ទះរៀបកម្មវិធីនេះ ចាប់ពីថ្ងៃទី ១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ដោយឡែក ប្រទេស ឥណ្ឌូនេស៊ីវិញ នឹងត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលក្រុមប្រទេសG20 ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ រីឯប្រទេសថៃ នឹងធ្វើជាម្ចាស់ផ្ទះរៀបកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នារបស់ក្រសួងការបរទេសនៃប្រទេសទាំងបីនេះ ដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំកំពូលG20 និង APEC គឺមានចរិតលក្ខណៈរួម ដែលផ្តល់ឱកាសមួយពិសេសសម្រាប់ បណ្តាប្រទេស ក៏ដូចជា សេដ្ឋកិច្ចសមាជិក រួមគ្នាជំរុញរបៀបវារៈតំបន់ និងក្នុងពិភពលោក ក៏ដូចជា កិច្ចប្រឹងប្រែង ដើម្បីនាំមកនូវសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នដល់ប្រជាជនទាំងអស់។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន គឺមានគោលបំណងដោះស្រាយបញ្ហាប្រឈមរួម ដែលនៅចំពោះមុខ និងរក្សានិរន្តរភាព ភាពស្វាហាប់នៃការកសាងសហគមន៍អាស៊ាន ដោយឈរលើស្មារតីរួបរួមគ្នារឹងមាំ ក្រោមស្លាកបាវចនា «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា» ។ ការពន្លឿនកិច្ចប្រឹងប្រែង ស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូរីដ-១៩ ការលើកកម្ពស់សមាហរណកម្មអាស៊ាន និងសមត្ថភាព ប្រកួតប្រជែងសម្រាប់កំណើនរយៈពេលវែងក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ការលើកកម្ពស់ សន្តិសុខផ្នែកសុខភាព និងការគាំពារសង្គមសម្រាប់ប្រជាជន គឺជារបៀបវារៈក្នុងចំណោមអាទិភាព ចម្បងៗរបស់អាស៊ាន។

រីឯវេទិកាក្រុម G20 ជាមួយនឹងប្រធានបទ «ងើបឡើងវិញទាំងអស់គ្នា ងើបឡើងវិញកាន់តែរឹងមាំ» មានគោលបំណងជួយសម្រួលដល់ការងើបឡើងវិញដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្នសម្រាប់ ទាំងអស់គ្នា។ ប្រធានាធិបតីឥណ្ឌូនេស៊ីប្ដេជ្ញាធានាថា ក្រុម G20 មានសារសំខាន់មិនមែនត្រឹមតែ សម្រាប់សមាជិករបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ ជាពិសេស ប្រទេសកំពុងអភិវឌ្ឍន៍។

ដោយឡែក ចំពោះកិច្ចប្រជុំ APEC ដែលជាវេទិកាពិសេសមានសមាសភាពជាសេដ្ឋកិច្ច ជាជាងជាបណ្តារដ្ឋនៅអាស៊ី ប៉ាស៊ីហ្វិក ការងារដែលកំពុងបន្តធ្វើគឺ វិធីពន្លឿនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីសម្រេច បានវិបុលភាពរួមគ្នា។ មូលបទ APEC ឆ្នាំ ២០២២ «បើកចំហរ តភ្ជាប់ តុល្យភាព» ឆ្លុះបញ្ចាំងអំពី គោលដៅ និងការប្តេជ្ញាចិត្តរួមរបស់សេដ្ឋកិច្ចនៃសមាជិកវេទិកានេះ ក្នុងការដោះស្រាយបញ្ហា ប្រឈមដ៏ធំសម្បើមដែលកើតចេញពីជំងឺរាតត្បាត និងជម្លោះដែលបានជះផលប៉ះពាល់អវិជ្ជមាន នៅទូទាំងពិភពលោក។ មូលបទនេះ មានគោលបំណងជំរុញនូវចក្ខុវិស័យសហគមន៍អាស៊ប៉ាស៊ីហ្វិកបើកចំហ ស្វាហាប់ ធន់ និងសន្តិភាព។

ក្នុងនាមជាប្រធាននៃកិច្ចប្រជុំសំខាន់ៗ ដូចខាងលើ នៅក្នុងឆ្នាំនេះ កម្ពុជា ឥណ្ឌូនេស៊ី និងថៃ ប្តេជ្ញាធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាស្មារតីកិច្ចសហប្រតិបត្តិការ ខណៈជាប្រទេសដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្តពង្រឹងភាពមជ្ឈភាព ភាពជឿជាក់ និងសារៈសំខាន់របស់អាស៊ាន ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជា កិច្ចប្រឹងប្រែងនានា ក្នុងតំបន់ និងពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើង ជួបប្រទះគ្រោះរាំងស្ងួត ចំពេលមានការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ

ព័ត៌មាន
បុគ្គលិកការិយាល័យ និងកម្មកររោងចក្ររបស់ប្រទេសកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅកាន់តំបន់ស្រែចម្ការជុំវិញប្រទេស ដើម្បីចូលរួមជួយការងារកសិករក្នុង…

ហាងលក់ម៉ូតូហុងដាពង្រីកសាខា ៧៩កន្លែងហើយ នៅទូទាំងប្រទេសកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន NCX ដែលគេស្គាល់ថា ជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលម៉ាកហុងដា នៅប្រទេសកម្ពុជាដូចជាម៉ូតូ និងរថយន្ដជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ