ចិនបោះផ្សាយប័ណ្ណបំណុលក្នុងស្រុកជាង ២០០ ពាន់លានដុល្លារ!

ចិននឹងបោះផ្សាយមូលបត្របំណុលក្នុងស្រុក២០០ពាន់លានដុល្លារនៅខែមិថុនានេះ ដើម្បីបញ្ឆេះក្បាលម៉ាស៊ីនសេដ្ឋកិច្ចឡើងវិញ


ប្រទេសចិនកំពុងការត្រៀមបោះផ្សាយលក់មូលបត្របំណុលរដ្ឋាភិបាលក្នុងស្រុកចំនួនជាង ២២៤ ពាន់លានដុល្លារ ក្នុងអំឡុងខែមិថុនានេះ ដែលការបោះផ្សាយលក់មូលបត្រនេះ ជាកំណត់ត្រាប្រចាំខែ សម្រាប់ប្រើប្រាស់លើការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីជំរុញក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិឲ្យមានស្ទុះងើបឡើងវិញ ក្រោយពីរងការវាយលុក ដោយសារការរាតត្បាតកូវីដ១៩ អស់មួយរយៈកន្លងមកនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន (Nikkei Asia) ។
ចិននឹងបោះផ្សាយមូលបត្របំណុលក្នុងស្រុក២០០ពាន់លានដុល្លារនៅខែមិថុនានេះ ដើម្បីបញ្ឆេះក្បាលម៉ាស៊ីនសេដ្ឋកិច្ចឡើងវិញ

យោង​តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​ក្នុង​តំបន់​នានា​ទូ​ទាំង​ប្រទេស​ចិន​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ចំនួន​ជាង ២១០ ពាន់​លាន​ដុល្លារ​ក្នុង​ខែ​នេះ ដែល​កើនឡើង​ជិត ៨០% បើ​ធៀប​នឹង​ខែមិថុនា ឆ្នាំ ២០២១ កន្លង​ទៅ​។

ហើយ​តួលេខ​នេះ​បាន​ហក់​ឡើង​ដល់​កំពូល​បើ​គិត​ចាប់តាំងពី​ខែឧសភា ឆ្នាំ ២០២០ ដែល​មាន​ជិត ២០០ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ នៅ​ពេល​ដែល​ប្រទេស​ចិន​បាន​ផ្តោត​លើ​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ខ្លួន នៅ​គ្រា​ដែល​មេរោគ​កូ​វី​ដ​១៩ វាយលុក​ជា​លើក​ដំបូង​។

មួយវិញទៀត ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​និយាយ​ថា រដ្ឋាភិបាល​ក្នុង​តំបន់​នានា​ក្នុង​ប្រទេស​ចិន​បាន​ចេញ "​មូល​ប​ត្រ​បំណុល​ពិសេស​" ដើម្បី​ផ្តល់​ជា​មូលនិធិ​ដល់​ការ​កសាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ គិត​ត្រឹម​ថ្ងៃ​៦ មិថុនា​នៅ​ឆ្នាំ​នេះ ដែល​គិត​ជា​ទឹកប្រាក់​ដល់​ទៅ​ជិត ៣៨០ ពាន់​លាន​ដុល្លារ ច្រើន​ជាង​បី​ដង បើ​ធៀប​រយៈពេល​ដូច​គ្នា​ការ​ពី​ឆ្នាំ​មុន​។

ជា​ការ​ពិត សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់​ដាំ​ក្បាល​ចុះ ដោយសារ​តែ​គោលនយោបាយ​សូន្យ​កូ​វី​ដ ឬ Zero Covid ដ៏​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​ចិន​ដែល​បាន និង​កំពុង​បន្ដ​អនុវត្ត​។ នៅ​ពេល​ដែល​តម្រូវការ​ក្នុងស្រុក​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ឯកជន​ធ្លាក់​ចុះ ការ​ដឹកនាំ​ថ្នាក់​ជាតិ​មើលឃើញ​ថា មូល​ប​ត្រ​បំណុល​សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងស្រុក​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​មាន​ភាព​រស់​រវើក​ឡើង​វិញុ។​

លើស​ពី​នេះ​ទៅ​ទៀត ប្រទេស​ចិន​គ្រោង​នឹង​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ហេដ្ឋារចនាសម្ព័ន្ធ​រហូត​ដល់ ៥៤០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ​ផង​ដែរ​។ ក្រសួង​ហិរញ្ញវត្ថុ​ចិន​ក៏​បាន​ប្រាប់​រដ្ឋាភិបាល​ក្នុង​តំបន់​នានា​នៅ​ទូ​ទាំង​ប្រទេស ឲ្យ​ចំណាយ​មូលនិធិ​ទាំងអស់ ដែល​សល់​ពី​មូល​ប​ត្រ​បំណុល​នេះ នៅ​ត្រឹម​ខែសីហា​ខាង​មុខ​ផង​ដែរ​។

ទោះបីជា​យ៉ាងណា ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​ពង្រីក​ដោយ​រដ្ឋាភិបាល​ចិន​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើន​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​ក្នុង​ឆមាស​ទី​ពីរ​នៅ​ឆ្នាំ​នេះ​។ ក៏​ប៉ុន្តែ គោលដៅ​របស់​ទីក្រុង​ប៉េ​កាំ​ង​ក្នុង​ការ​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​កើនឡើង ៥,៥% ជា​រៀង​រាល់​ឆ្នាំ​នោះ ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​មិន​អាច​សម្រេច​បាន​ទេ​។

លោក យ៉ូ​ស៊ី​ណូ តា​មៃ (Yoshino Tamai) នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​អ៊ី​តូ​ឈូ (Itochu) បាន​និយាយ​ថា "​ទោះបីជា​លទ្ធភាព​នៃ​សេដ្ឋកិច្ច​ចិន​មានការ​ងើបឡើង​វិញ​ពេញលេញ​ក៏​ដោយ ក៏​អត្រាកំណើន​ពេញ​មួយ​ឆ្នាំ​នឹង​មាននៅ​ត្រឹម ៤,៣%" ប៉ុណ្ណោះ​។

លោក Tamai បាន​និយាយ​ថា បើ​ចិន​ចង់​សម្រេច​គោលដៅ​សេដ្ឋកិច្ច ៥,៥% ក្នុង​មួយ​ឆ្នាំ​ឡើង​វិញ​នោះ ទាល់តែ​ប្រទេស​ចិន​បន្ត​ការ​ចេញ​មូល​ប​ត្រ​បំណុល​ពិសេស​ឡើង​វិញ ដែល​ខ្លួន​ធ្លាប់​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ សម្រាប់​ការ​ឆ្លើយ​តប​នឹង​មេរោគ​ឆ្លង​ជា​លើក​ដំបូង​របស់​ខ្លួន​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រេសិតពិសេសប្រធានអាស៊ាននឹងធ្វើដំណើរបំពេញទស្សនកិច្ចជាលើកទី២នៅមីយ៉ាន់ម៉ានៅថ្ងៃនេះ

ព័ត៌មាន
ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដ…

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា ដោយសន្យាបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈការទូត

ព័ត៌មាន
លោកជំទាវ អ័រណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសថៃ នឹងមកធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាជាលើកដំបូង ក្នុងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ