ឥណទានកសិកម្ម

រដ្ឋមន្រ្តីកសិកម្មអះអាងថា វិស័យកសិកម្មកំពុងមានតម្រូវការឥណទានខ្ពស់ ដើម្បីពង្រីកផលិតកម្ម


រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសស្វែងរកកិច្ចសហការជាមួយបណ្ដាធនាគារនានានៅកម្ពុជា ដើម្បីផ្ដល់កម្ចីឥណទានដល់កសិករ និងសហគ្រាសធុនតូច និងមធ្យម យកទៅប្រើប្រាស់ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យកសិកម្ម ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឌិត ទីណា បច្ចុប្បន្នតម្រូវការផ្នែកឥណទានកំពុងមានការចាំបាច់ ព្រោះអ្នកពាក់ព័ន្ធនឹងវិស័យកសិកម្ម ត្រូវការសាច់ប្រាក់បង្វិលក្នុងការវិនិយោគ និងធ្វើប្រតិបត្តិការអាជីវកម្ម ក៏ដូចជាដាំដុះដំណាំផ្សេងៗ។
ឥណទានកសិកម្ម
ដោយ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយធនាគារ វីង កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ថា ការផ្ដល់ឥណទានដល់អ្នករកស៊ីក្នុងវិស័យកសិកម្ម គឺជាផ្នែកមួយជួយរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។

ក្រៅពីភាពជាដៃគូជាស្ថាប័នហិរញ្ញវត្ថុនេះ ថ្នាក់ដឹកនាំរូបនេះសង្ឃឹមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្សេងៗ នឹងពិចារណាផ្ដល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប ដើម្បីរួមចំណែកជួយជ្រោមជ្រែងដល់កសិករ និងសហគមន៍។ ឯកឧត្តមរដ្ឋមន្ត្រី កត់សម្គាល់ឃើញថា បច្ចុប្បន្នការវិនិយោគលើវិស័យកសិកម្មកំពុងមានតម្រូវថវិកាច្រើនសម្រាប់ប្រើជាទុនបង្វិលទិញកសិផល និងការវិនិយោគលើការដាំដុះដំណាំផ្សេងៗ។

ក្រោយផ្តល់ហិរញ្ញប្បទាន៥លានដុល្លារ ដើម្បីជួយគាំទ្រដល់វិស័យកសិកម្ម អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចាត់ទុកការផ្ដល់ឥណទានក្នុងអត្រាការប្រាក់ដល់កសិករ និងសហគ្រាសធុនតូច និងមធ្យម គឺជាផ្នែកមួយក្នុងការជួយពង្រឹងសមត្ថភាពហិរញ្ញវត្ថុរបស់កសិករ និងអ្នករកស៊ីក្នុងវិស័យកសិកម្មលើការបង្កើតអាជីវកម្ម និងពង្រីកផលិតកម្មឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារ ក៏ដូចជាជួយគាំទ្រដល់គោលនយោបាយអាទិភាពកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារទាំង៧៤ កាលពីឆ្នាំ២០២២ សម្រេចបានជាង៨លាន៦សែនតោន គិតជាប្រាក់ជិត៥ពាន់លានដុល្លារ មានការកើនឡើង៧,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានជិត៨លានតោន។ កំណើននៃការនាំចេញនេះបានជួយឱ្យវិស័យកសិកម្មអាចរួមចំណែក២២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុងឆ្នាំ២០២២៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហ្វតតេ និង Huaxin Insurance Brokers ចុះកិច្ចសហប្រតិបត្តិការព្រមព្រៀងជាយុទ្ធសាស្ត្រ

ព័ត៌មាន
ហ្វតតេ ក្រុមហ៊ុនធានារ៉ាប់រងទូទៅធំជាងគេបំផុតនិងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការអភិវឌ្ឍន៍លឿនជាងគេក្នុងប្រទេសកម្ពុជា ជាមួយក្រុម…

ផ្លូវភ្ជាប់ពីផ្លូវ៦០ម៉ែត្រទៅព្រលានយន្តហោះភ្នំពេញថ្មី សម្រេចការសាងសង់បានជាង៦៧% ខណៈព្រលានសម្រេចបាន៥៥%

ព័ត៌មាន
ផ្លូវភ្ជាប់ពីផ្លូវសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅសម្រេចការសាងសង់បានជាង៦៧%ហើយ ដោយគ្រោងបញ្ចប់ក្នុងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ