វិស័យដឹកជញ្ជូន

តើការវាយប្រហារនៅសមុទ្រក្រហមអាចធ្វើឱ្យប៉ះពាល់ពាណិជ្ជកម្មពិភពលោក និងតម្លៃប្រេងសកលកម្រិតណា?


ខ្សែច្រវាក់ផ្គត់ផ្គង់សកលអាចប្រឈមនឹងការរំខានយ៉ាងធ្ងន់ធ្ងរ ដោយសារតែក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតរបស់ពិភពលោកមួយចំនួនបានបង្វែរ ការធ្វើដំណើរឆ្ងាយពីច្រកផ្លូវទឹកនៃសមុទ្រក្រហម។ ការបង្វែរទិសដៅធ្វើដំណើរនេះ ធ្វើឡើងក្រោយមានការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូធី ក្នុងប្រទេសយេម៉ែន លើនាវាពាណិជ្ជកម្មក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបណ្តាលឱ្យក្រុមហ៊ុនជាច្រើនសម្រេចចិត្តបង្វែរផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោកមួយនេះ។
វិស័យដឹកជញ្ជូន
ដោយ

អ្នកវិភាគ ក៏បានព្រមានផងដែរថា ការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហមអាចនឹងមានហានិភ័យ ដោយជំរុញឱ្យតម្លៃប្រេង និងទំនិញផ្សេងទៀតកើនតម្លៃថែមទៀត។ នេះបើតាមការចុះផ្សាយដោយសារ BBC។

ក្រុមហ៊ូធីនៅយេម៉ែន បានផ្តើមការវាយប្រហាររបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើម នៃសង្គ្រាមរវាងក្រុមអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងខែតុលា។ ការវាយប្រហារនេះ គឺធ្វើឡើងដើម្បីបង្ហាញការគាំទ្រចំពោះហាម៉ាស ដោយហ៊ូធី បាននិយាយថា ខ្លួននឹងកំណត់គោលដៅទៅលើកប៉ាល់ពាណិជ្ជកម្មណា ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមឆ្ពោះទៅកាន់អ៊ីស្រាអែល។ ក្រុមដែលមានការគាំទ្រពីសំណាក់អ៊ីរ៉ង់មួយនេះ បាននិងកំពុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែត ដើម្បីវាយប្រហារទៅលើកប៉ាល់បរទេសណា ដែលដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្រ Bab al-Mandab ដែលជាច្រកទ្វារផ្លូវទឹកចូលទៅកាន់សមុទ្រក្រហម។ ជាធម្មតាកប៉ាល់ធ្វើដំណើរតាមផ្លូវនេះ ដើម្បីទៅដល់ព្រែកជីកស៊ុយអេ របស់ប្រទេសអេហ្ស៊ីប។

ក៏ប៉ុន្តែដោយហេតុតែការវាយប្រហារ និងការគំរាមកំហែងនៃការវាយលុកនាពេលខាងមុខ ក្រុមហ៊ុនដឹកជញ្ជូនធំៗមួយចំនួនរបស់ពិភពលោក រួមទាំងក្រុមហ៊ុនដឹកជញ្ជូនមេឌីទែរ៉ាណេ និងក្រុមហ៊ុន មែស( Maersk) បានបង្វែរនាវារបស់ពួកគេវាងទៅផ្លូវដឹកជញ្ជូនតាមច្រក Cape of Good Hope របស់ទ្វីបអាហ្រ្វិក ដែលត្រូវចំណាយពេលយូរជាង និងឆ្ងាយជាង។ ផ្លូវដឹកជញ្ជូនទ្វីបអាហ្រ្វិកនេះ នឹងបន្ថែមពេលវេលាដឹកជញ្ជូនយ៉ាងហោចណាស់១០ថ្ងៃ ហើយក្រុមហ៊ុនទាំងនោះនឹងត្រូវចំណាយប្រាក់រាប់លានដុល្លារបន្ថែមទៅលើការចំណាយផ្សេងទៀត។

គួរជម្រាបថា ច្រក Bab al-Mandab នៅសមុទ្រក្រហមដែលជាច្រកតែមួយគត់ចូលទៅកាន់ព្រែកជីកស៊ុយ​អេ ដែលជាច្រកផ្លូវទឹកដឹកជញ្ជូនលឿនបំផុតភ្ជាប់ពីអាស៊ី និងអឺរ៉ុប ពិសេសក្នុងការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ(LNG)។ យោងតាមក្រុមហ៊ុនវិភាគទំនិញ Vortexa បានឱ្យដឹងថា ប្រេងប្រហែល៩លានបារ៉ែលក្នុងមួយថ្ងៃ ត្រូវបានដឹកជញ្ជូនតាមព្រែកជីកស៊ុយអេ នៅឆមាសទីមួយឆ្នាំនេះ។

បើតាមអ្នកវិភាគនៅ S&P Global Market Intelligence បាននិយាយថា ជិត១៥%នៃទំនិញដែលនាំចូលទៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងត្រូវបានដឹកជញ្ជូនពីអាស៊ី និងរដ្ឋឈូងសមុទ្រតាមសមុទ្រក្រហម ក្នុងនោះរួមមាន ប្រេងចម្រាញ់ជាង២១% និងជាង១៣% នៃប្រេងឆៅពិភពលោក។ ប៉ុន្តែវាមិនមែនមានតែប្រេងនោះទេ ពោលគឺកប៉ាល់ទូកុងតឺន័រផ្ទុកទំនិញប្រើប្រាស់គ្រប់ប្រភេទផ្សេងទៀត ក៏ត្រូវដឹកឆ្លងកាត់ច្រកសមុទ្រនេះដែរ។ យោងតាមលោក Chris Rogers ប្រធានផ្នែកស្រាវជ្រាវខ្សែច្រវាក់ផ្គត់ផ្គង់នៅ S&P បានឱ្យដឹងថា វាជៀសមិនរួចទេ ដែលខ្សែច្រវាក់ផ្គត់ផ្គង់នឹងរងផលប៉ះពាល់ដោយសារតែកប៉ាល់ត្រូវបានបង្វែរទិសដៅទៅកាន់ផ្លូវដឹកជញ្ជូន ដែលឆ្ងាយជាងពីសមុទ្រក្រហម ហើយទំនិញប្រើប្រាស់នឹងប្រឈមមុខនឹងផលប៉ះពាល់ខ្លាំងជាងគេ»។

ទន្ទឹមគ្នានេះ គេក៏មានការភ័យខ្លាចផងដែរ អំពីការរំខាននេះ ដែលអាចជំរុញឱ្យតម្លៃប្រេងមានការកើនឡើង។ តែយ៉ាងណានៅពេលនេះ តម្លៃប្រេងមានការប្រែប្រួលតិចតួចប៉ុណ្ណោះ។ តម្លៃប្រេងបានកើនឡើង១% កាលពីថ្ងៃចន្ទ ប៉ុន្តែកាលពីថ្ងៃអង្គារ វាមានការប្រែប្រួលតិចតួចប៉ុណ្ណោះ ខណៈប្រេងឆៅរបស់អង់គ្លេស Brent មានតម្លៃប្រហែល៧៨ដុល្លារក្នុងមួយធុងបារ៉ែល។ យ៉ាងណាក៏ដោយ ការកើនឡើងនៃតម្លៃប្រេង ដែលជាធាតុផ្សំសំខាន់នៅក្នុងប្រេងឥន្ធនៈរថយន្ត អាចនឹងជំរុញឱ្យអតិផរណាកើនឡើងផងដែរ ខណៈអតិផរណាបាននិងកំពុងធ្លាក់ចុះនៅក្នុងចក្រភពអង់គ្លេស ដោយបច្ចុប្បន្នមានប្រមាណ៤,៦%។

ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ូធី សហរដ្ឋអាម៉េរិកបានប្រកាសចាប់ផ្តើមប្រតិបត្តិការល្បាតអន្តរជាតិមួយ ដើម្បីការពារកប៉ាល់នៅក្នុងផ្លូវសមុទ្រក្រហម រួមជាមួយប្រទេស៩ផ្សេងទៀត ដូចជាចក្រភពអង់គ្លេស បារ៉ែន កាណាដា បារាំង អ៊ីតាលី ហូឡង់ ន័រវេស សីស្ហែល និងអេស្ប៉ាញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនចំនួន១៣ ត្រូវបានអាមេរិកដាក់ចូលក្នុងបញ្ជីអង្គភាព ដែលមិនអាចត្រួតពិនិត្យបាន

ព័ត៌មាន
រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានចេញសេចក្ដីប្រកាសមួយកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះដោយបានសម្រេចដាក់បន្ថែមក្រុមហ៊ុន ចំនួន១៣ នៅប្រទេសចិន ចូលក្នុង…

ក្ដីរំពឹងមានការបញ្ចុះអត្រាការប្រាក់ផ្ទួនៗរបស់អាម៉េរិកនៅឆ្នាំ២០២៤ ជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនសាងសង់ហក់ឡើងខ្លាំង

ព័ត៌មាន
បន្ទាប់ពីធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់២លើកបន្ថែមទៀតកាលពីពេលថ្មីៗនេះ មន្ត្រីធនាគារកណ្ដាលអាម៉េរិក ភាគច្រើនជឿជាក់ថា ធនាគារនេះន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ