មីស៊ីលនុយក្លេអ៊ែ

រុស្ស៊ីទំនងជាកំពុងរៀបចំធ្វើតេស្តសាកល្បងមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែ


រូបភាពពីផ្កាយរណប និងទិន្នន័យអាកាសចរណ៍បង្ហាញថា រុស្ស៊ីប្រហែលជាកំពុងរៀបចំសាកល្បងធ្វើតេស្តមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែ ឬប្រហែលអាចសាងល្បងរួចហើយកាលពីពេលថ្មីៗ ដែលមានសមត្ថភាពហោះបានចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលរុស្ស៊ី បានសាកល្បងប្រព័ន្ធប្រកាសអាសន្នជាសាធារណៈនៅទូទាំងប្រទេស កាលពីថ្ងៃពុធ ក្រោយអាក់ខានអស់រយៈពេលពីរឆ្នាំ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
9
ដោយ

យោងតាមរបាយការណ៍វិភាគមួយរបស់កាសែត New York Times កាលពីថ្ងៃចន្ទ ទី២ ឱ្យដឹងថា ការប្តូរទីតាំងរបស់យន្តហោះ និងយានជំនិះនៅក្នុង និងក្បែរមូលដ្ឋានទ័ពនៅតំបន់អាក់ទិកដាច់ស្រយាលរបស់រុស្ស៊ី គឺប្រៀបបីដូចជាអ្វីដែលគេជឿថា ទីក្រុងម៉ូស្គូកំពុងត្រៀមរៀបចំធ្វើតេស្តបាញ់សាកល្បងមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែមួយប្រភេទ ដែលធ្លាប់បានធ្វើក្នុងឆ្នាំ២០១៧ និង២០១៨។

យន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក ក៏ត្រូវបានតាមដាននៅក្នុងតំបន់អាក់ទិកនោះដែរ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ហើយការជូនដំណឹងអំពីអាកាសចរណ៍រុស្ស៊ី បានព្រមានអ្នកបើកយន្តហោះឱ្យជៀសវាងការហោះហើរក្នុងដែនអាកាសក្បែរតំបន់នោះ។

កាលពីមុនប្រទេសរុស្ស៊ី បានធ្វើតេស្តមីស៊ីល Burevestnik ចំនួន១៣ដងនៅចន្លោះឆ្នាំ២០១៧ និង២០១៩ ដែលការសាកល្បងទាំងនោះសុទ្ធសឹងតែបរាជ័យ។ នេះបើយោងតាមរបាយការណ៍មួយរបស់ក្រុមអ្នកស្រាវជ្រាវគំនិតផ្តួចផ្តើមការគំរាមកំហែងនុយក្លេអ៊ែ។

ក្នុងនោះយោងតាមមន្ត្រីអាមេរិក កាលពីឆ្នាំ២០១៩ ការសាកល្បងមីស៊ីលបានបរាជ័យ និងបានធ្លាក់ធ្វើឱ្យមនុស្សស្លាប់៧នាក់។ តាមការធ្វើតេស្តចុងក្រោយ មីស៊ីល Burevestnik បានបរាជ័យក្នុងការហោះដល់រយៈចម្ងាយ ដែលបានកំណត់ជាង២ម៉ឺនគីឡូម៉ែត្រ។ មីស៊ីលនោះបានហោះបានត្រឹមតែជាង៣៥គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រ។

លោក Daryl G. Kimball នាយកប្រតិបត្តិនៃសមាគមគ្រប់គ្រងអាវុធបាននិយាយថា វាជាការធ្វើតេស្តសាកល្បង និងការអភិវឌ្ឍន៍ដ៏គ្រោះថ្នាក់។ មិនថា Burevestnik ត្រូវបានធ្វើតេស្តជោគជ័យក្រោយមកទៀត បន្ទាប់ពីបរាជ័យកាលពីឆ្នាំ២០១៩ ឬយ៉ាងណានោះទេ លោកថា ការដាក់ពង្រាយប្រតិបត្តិការមីស៊ីលប្រភេទនេះ ត្រូវការពេលយូរតទៅមុខទៀត។

យោងតាមរបាយការណ៍គំនិតផ្តួចផ្តើមការគំរាមកំហែងនុយក្លេអ៊ែ មីស៊ីលនេះគឺជា«អាវុធសម្រាប់វាយប្រហារលើកទីពីរ ឬជាអាវុធរយៈចម្ងាយយុទ្ធសាស្ត្រ។

មីស៊ីលនេះប្រើសម្រាប់វាយបកក្រោយមានការវាយប្រហារទ្រង់ទ្រាយធំណាមួយលើប្រទេសរុស្ស៊ី។ វាទំនងជាអាចផ្ទុកបន្ទុកនុយក្លេអ៊ែ ទោះបីតូចជាងអាវុធដែលមានសមត្ថភាពនុយក្លេអ៊ែផ្សេងទៀតក៏ដោយ។ អ្នកជំនាញបាននិយាយថា ប្រសិនមីស៊ីលនេះត្រូវបានប្រើក្នុងសង្គ្រាម វាអាចកម្ទេចតំបន់ទីក្រុងធំៗ និងគោលដៅយោធាបាន។

ទន្ទឹមនឹងរបាយការណ៍ស៊ើបអង្កេតនេះ រុស្ស៊ីកាលពីថ្ងៃពុធបានប្រាប់ប្រជាជនខ្លួនឱ្យស្ងប់ស្ងាត់ ក្រោយ រដ្ឋាភិបាលបានសាកល្បងប្រព័ន្ធប្រកាសអាសន្នជាសាធារណៈនៅទូទាំងប្រទេស ដោយបំន្លឺសំឡេងស៊ីរ៉ែន និងបង្អាក់ការផ្សាយតាមទូរទស្សន៍ និងវិទ្យុមួយចំនួន។ ការធ្វើតេស្តនេះបានធ្វើឡើងដំបូងកាលពីឆ្នាំ២០២០ និងតែងធ្វើម្តងក្នុងរយៈពេលពីរឆ្នាំ។

យោងតាមក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ីបាននិយាយថា ប្រព័ន្ធប្រកាសអាសន្ននេះ ត្រូវបានរចនាឡើង ដើម្បីជូនដំណឹងដល់ប្រជាជន អំពីហេតុការណ៍អាសន្នណាមួយ ឬគ្រោះធម្មជាតិ។ មែនទែនទៅ ការធ្វើតេស្តនេះកើតឡើងចំពេល ដែលសង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិចធ្លាក់ចូលរណ្តៅដ៏សែនជ្រៅ ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ទទួលអ្នកដំណើរតាមផ្លូវអាកាសជាង៨៩លាននាក់ ត្រឹមរយៈពេល៩ខែ

ព័ត៌មាន
វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅប្រទេសវៀតណាម កំពុងតែកម្រើកឡើងវិញជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់។ ស្ថិតិបានបង្ហាញថា នៅក្នុងរយៈពេល៩ខែដំបូងឆ្ន…

អ្នកជំនាញថា បញ្ហាសេដ្ឋកិច្ចនឹងមិនប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋនារដូវភ្ជុំបិណ្ឌខ្លាំងទេ

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា បើទោះជាបច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា រួមទាំងសកលលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន និងបញ្ហាអតិផរណាកើនឡើងក្តី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ