តម្លៃដឹកជញ្ជូនតាមផ្លូវទឹក

តើកត្តាអ្វីខ្លះ ជំរុញឲ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកបានថយចុះមកវិញជិតពាក់កណ្តាល?


អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានអះអាងថា តម្លៃដឹកជញ្ជូន និងស្ថានភាពដឹកជញ្ជូនទំនិញតាមផ្លូវគោល ផ្លូវទឹក និងផ្លូវអាកាសបានវិលមករកភាពល្អប្រសើរឡើងវិញបន្តិចហើយ ក្រោយតម្លៃប្រេងឥន្ធនៈមានការធ្លាក់ចុះ គួបផ្សំស្ថានភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ លើពិភពលោកហាក់មានភាពធូរស្បើយ។ ទោះយ៉ាងណាអ្នកជំនាញមិនទាន់អាចវាយតម្លៃបានទេថា វិស័យដឹកជញ្ជូននឹងអាចវិលមករកភាពល្អប្រសើរដូចមុនពេលមិនទាន់មានកូវីដ-១៩ នៅពេលណាឡើយទេ ដ្បិតថា ស្ថានការពិភពលោកនាពេលនេះ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។
តើកត្តាអ្វីខ្លះ ជំរុញឲ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកបានថយចុះមកវិញជិតពាក់កណ្តាល?

តម្លៃដឹកជញ្ជូនទំនិញតាមផ្លូវទឹក ដែលបានឡើងថ្លៃយ៉ាងគំហុកក្នុងអំឡុងពេលពិភពលោករងការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកើនឡើងតម្លៃប្រេងឥន្ធនៈ បានវិលមកភាពល្អប្រសើរឡើងវិញជាបណ្តើរៗហើយ គិតមកទល់ពេលបច្ចុប្បន្ននេះ។ បើតាមការលើកឡើងរបស់លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បច្ចុប្បន្នតម្លៃដឹកជញ្ជូនទំនិញតាមផ្លូវទឹកបានធ្លាក់ចុះស្ទើរជិតពាក់កណ្តាល បើធៀបនឹងតម្លៃដែលបានហក់ឡើងខ្ពស់កាលពីមុន។ ក្នុងនោះការដឹកជញ្ចូនទំនិញទៅកាន់ទីផ្សារអឺរ៉ុបដែលបានហក់ឡើងជាង១ម៉ឺនដុល្លារក្នុង១ទូកុងតឺន័រនោះ បានធ្លាក់ចុះមកនៅក្រោម១ម៉ឺនដុល្លារក្នុង១ទូកុងតឺន័រនាពេលបច្ចុប្បន្ន។ ការធ្លាក់ចុះនេះត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺបន្ទាប់ពីការកកស្ទះទូកុងតឺន័រនៅតាមប្រទេសផ្សេងៗត្រូវបានដោះស្រាយ ស្របពេលបញ្ហាការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ លើពិភពលោកមានភាពធូរស្បើយ។

បើតាមការលើកឡើងរបស់លោក ជា ចាន់ដារ៉ា មិនមែនមានតែការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនោះទេ ដែលមានភាពធូរស្បើយ សូម្បីការដឹកជញ្ជូនតាមផ្លូវគោក និងអាកាស ក៏បានវិលមករកភាពល្អប្រសើរឡើងវិញផងដែរ ក្រោយតម្លៃប្រេងឥន្ធនៈមានការធ្លាក់ចុះនៅមួយរយៈចុងក្រោយ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានគូសបញ្ជាក់ថា ជាការពិតការដឹកជញ្ជូននាពេលបច្ចុប្បន្ន ហាក់មានភាពល្អប្រសើរជាងប៉ុន្មានខែមុន ប៉ុន្ដែ ភាពល្អប្រសើរនេះ គឺវាអាស្រ័យលើតំបន់នីមួយៗប៉ុណ្ណោះ ពោលគឺការដឹកជញ្ជូនទៅតំបន់ខ្លះនៅតែមានតម្លៃខ្ពស់ និងជួបបញ្ហាដដែល។

តាមការគូសបញ្ជាក់របស់អ្នកជំនាញ ការកើនឡើងតម្លៃប្រេងឥន្ធនៈយ៉ាងគំហុកនាពេលកន្លងមក បានជំរុញឲ្យក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនបានដំឡើងថ្លៃចន្លោះពី១០ទៅ២០% ដើម្បីទ្រទ្រង់ប្រតិបត្តិការ និងរក្សាស្ថិរភាពប្រាក់ចំណូលរបស់ពួកគេ។ កត្តានេះបានជះឥទ្ធិពលជាវិជ្ជមានក្នុងការរួមចំណែកធ្វើឲ្យតម្លៃទំនិញមួយចំនួនមានការកើនឡើង និងបានទាញទម្លាក់សកម្មភាពដឹកជញ្ជូនរបស់ពាណិជ្ជករ និងក្រុមហ៊ុនមួយចំនួន ក្រោយធ្លាក់ចុះតម្រូវការ៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើរដ្ឋាភិបាលកូរ៉េខាងត្បូងបន្តជួយគាំទ្រកម្ពុជាលើភាពជាដៃគូក្នុងវិស័យឌីជីថល

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានស្នើរដ្ឋាភិបាលកូរ៉េខាងត្បូង បន្តជួយគាំទ្រកម្ពុជាលើភាពជាដៃគូក្នុងវិស័យឌីជីថល ក៏ដូចជាជួយគាំទ្រគ…

រដ្ឋចាប់ផ្ដើមប្រកាសដេញថ្លៃមូលបត្របំណុលលើកទី១របស់ខ្លួន ក្នុងទំហំទឹកប្រាក់ជិត២៥លានដុល្លារ

ព័ត៌មាន
នៅទីបំផុត រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជាបានសម្រេច ប្រកាសដាក់ឲ្យមានការដេញថ្លៃមូលបត្របំណុលរដ្ឋជាលើកដំបូងរបស់ខ្លួនហើយ។ សម្រាប់ដំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ