អតិផរណាពិភពលោក

វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងវិធានការតឹងរ៉ឹងរបស់ចិនកំពុងជំរុញអតិផរណាកើនឡើងក្នុងពិភពលោក


អតិផរណាកំពុងប៉ោងឡើងកាន់តែខ្លាំងនៅប្រទេសស្ទើរតែទាំងអស់នៅទូទាំងពិភពលោក ដែលវាត្រូវបានគេមើលឃើញថា មួយផ្នែកធំត្រូវបានបង្កឡើងដោយសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ប៉ុន្ដែ អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិមួយចំនួនយល់ថា អតិផរណាពិភពលោកកំពុងកើនកាន់តែខ្ពស់ទៅៗនេះ មិនមែនត្រូវបានរុញច្រានដោយបញ្ហាវិបត្តិសង្គ្រាមនៅអ៊ុយក្រែនតែមួយមុខប៉ុណ្ណោះទេ ប៉ុន្ដែ អ្នកជំនាញបានតាមដានមើលឃើញថា ប្រទេសចិន ដែលជាយក្សសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ី ក៏បានចូលរួមមួយផ្នែករុញឲ្យអតិផរណាពិភពលោកកាន់តែប៉ោងឡើងដែរ។
អាមេរិកអាចនឹងគ្រោងបន្ថយពន្ធសម្រាប់ចិនដើម្បីទប់ទល់អតិផរណា
ដោយ

លោក Chad Bown និងអ្នកស្រី Yilin Wang អ្នកវិភាគសេដ្ឋកិច្ច នៅវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson (PIIE) បានអះអាងប្រាប់ទូរទស្សន៍ CNBC នាពេលថ្មីៗនេះថា សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងតំបន់។ វាបានរួមចំណែកបង្កឲ្យមានវិបត្តិស្បៀងអាហារពិភពលោក ព្រោះរុស្ស៊ីកំពុងរារាំងការនាំចេញជីកសិកម្មសំខាន់ៗ ដែលកសិករនៅប្រទេសផ្សេងទៀតត្រូវការជាចាំបាច់ ខណៈដែលតួនាទីរបស់អ៊ុយក្រែនដែលជាឃ្លាំងផ្គត់ផ្គង់ស្បៀងអាហារសម្រាប់តំបន់អាហ្វ្រិក និង មជ្ឈិមបូព៌ាឯណោះវិញក៏ត្រូវបាន រុស្ស៊ីបំផ្លាញចោលអស់ដែរ។ ជាក់ស្ដែងថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានចេញមុខអះអាងថា ក្រោយមានការវាយប្រហារពីរុស្ស៊ីយ៉ាងដំណំទៅលើហេដ្ឋារចនាសម្ព័ន្ធ ផលិតផល គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន អ៊ុយក្រែន បានបាត់បង់គ្រាប់ធញ្ញជាតិរាប់សិបលានតោនឯណោះ។

ក្រៅតែពីបញ្ហាវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលប៉ះពាល់ដល់សន្តិសុខស្បៀងអាហារក្នុងពិភពលោក និងបង្កឲ្យមានវិបត្តិអតិផរណាហើយនោះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចអះអាងទៀតថា វិធានការរឹតបន្តឹង និងការដាក់ពន្ធគយដោយប្រទេសចិន ដែលបានដាក់ទៅលើផលិតផលសំខាន់ៗចំនួន ដូចជាជីកសិកម្ម សាច់ជ្រូក និងដែកថែប ក៏ជាការរួមចំណែកជំរុញឲ្យមានការកើនឡើងអតិផរណាពិភពលោកផងដែរ។

តើវិធានការរឹតត្បិតរបស់ប្រទេសចិនបានប៉ះពាល់ដល់វិស័យជីកសិកម្ម ដែកថែប និងសាច់ជ្រូចដូចម្ដេចខ្លះ?

តម្លៃជីកសិកម្មនៅប្រទេសចិន និងជុំវិញពិភពលោកបានចាប់ផ្ដើមឡើងថ្លៃកាលពីឆ្នាំមុនដោយសារតម្រូវការខ្លាំង និងការឡើងថ្លៃថាមពល ប៉ុន្តែតាំងពីពេលនោះមក វារឹតតែឡើងថ្លៃថែមទៀតក្រោយពីមានការផ្ទុះសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។

កាលពីខែកក្កដាឆ្នាំមុន អាជ្ញាធរចិនបានបញ្ជាឱ្យក្រុមហ៊ុនធំៗរបស់ចិនផ្អាកការនាំចេញជី ដើម្បីបំពេញតម្រូវការទីផ្សារជីគីមីក្នុងស្រុក ហើយកាលពីខែតុលា ខណៈដែលតម្លៃបន្តកើនឡើងនោះអាជ្ញាធរបានចាប់ផ្តើមត្រួតពិនិត្យបន្ថែមលើការនាំចេញ។ ការសម្រេចចិត្តរបស់ចិនក្នុងការដកការផ្គត់ផ្គង់ជីចេញពីទីផ្សារពិភពលោកនេះ ក៏បានប៉ះពាល់ដល់ប្រទេសនាំចូលជីពីប្រទេសចិនផងដែរ។

មុនមានការរឹតត្បិតការនាំចេញ ប្រទេសចិន គឺមានចំណែកនាំចេញជីកសិកម្មទៅកាន់ពិភពលោកប្រហែល២៤% សម្រាប់ជីសារធាតុផូស្វាត និង១៣% សម្រាប់ជីសារធាតុអាសូត និង២% សម្រាប់សារធាតុប៉ូតាស្យូម។ នេះបើតាមទិន្នន័យពី វិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson។

ពាក់ព័ន្ធនឹងតម្លៃដែកថែបវិញគឺថា តម្លៃដែកថែបប្រទេសចិន និងជុំវិញពិភពលោកបានកើនឡើងក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ខណៈដែលប្រទេសចិន បានប្រកាសថា ខ្លួននឹងកាត់បន្ថយការផលិតដែកក្នុងស្រុក ដើម្បីសម្រេចបាននូវគោលដៅ«គ្មានជាតិកាបោន»។

ដើម្បីកាត់បន្ថយការឡើងថ្លៃដែកក្នុងស្រុក អាជ្ញាធរចិនកាលពីឆ្នាំមុនបានលុបចោលបម្រាមលើការនាំចូលសំណល់ដែកថែប ប៉ុន្តែពួកគេក៏បានអនុវត្តការរឹតបន្តឹងការនាំចេញ ពីរទៅបីលើក និងបង្កើនពន្ធនាំចេញលើផលិតផលដែកថែបចំនួនប្រាំមុខផងដែរ។ គិតត្រឹមខែមីនាឆ្នាំនេះតម្លៃដែករបស់ចិនគឺធ្លាក់ចុះ ៥% បើធៀបនឹងមុនពេលមានការរឹតបន្តឹងនេះ។

ចំណែកសាច់ជ្រូកវិញ គឺតម្លៃរបស់វាបានចាប់ផ្ដើមកើនឡើងនៅទូទាំងពិភពលោកកាលពីឆ្នាំ២០១៨ ជាពេលដែលប្រទេសចិនរងគ្រោះដោយសារការផ្ទុះឡើងនៃជំងឺគ្រុនផ្ដាសាយជ្រូកអាហ្រ្វិក ហើយបន្ទាប់មកចិនផលិតសាច់ជ្រូកបានតែពាក់កណ្តាលនៃការផ្គត់ផ្គង់នៅក្នុងពិភពលោកប៉ុណ្ណោះ ដែលបណ្តាលឱ្យតម្លៃសាច់ជ្រូកហក់ឡើងទ្វេដងនៅចុងឆ្នាំ២០១៩ពោលគឺកើន២៥% ដោយសារតែចិនបាននាំចូលសាច់ជ្រូកកាន់តែច្រើនធ្វើឱ្យខ្វះសាច់ជ្រូកលក់នៅតាមទីផ្សារ។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថាន PIIE។ នៅឆ្នាំ២០២០ ចិនក៏បានកាត់បន្ថយពន្ធលើការនាំចូលសាច់ជ្រូកដែរ ដែលធ្វើឲ្យប្រទេសផ្សេងទៀត ជួបនឹងបញ្ហាសាច់ជ្រូកឡើងថ្លៃ ដោយសារតែការផ្គត់ផ្គង់ធ្លាក់ចុះ។ ទោះយ៉ាងណា នៅឆ្នាំ២០២២នេះ អាជ្ញាធរចិនបានបង្កើនពន្ធគយទាំងនោះឡើងវិញ ក្រោយពេលដែលបញ្ហាជំងឺប៉េស្ដជ្រូកត្រូវបានដោះស្រាយ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសចិនក៏កំពុងរងនូវការរីករាតត្បាតកូវីដ១៩កាន់តែខ្លាំងក្លា និងមានការបិទខ្ទប់ទីក្រុងសំខាន់ៗជាច្រើនដូចជាសៀងហៃនិងផ្នែកខ្លះនៃទីក្រុងប៉េកាំងជាដើម បញ្ហាទាំងនេះ ក៏ជាការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងដែនដី បញ្ជាដាច់ខាតមិនឲ្យមានការកែប្រែដីស្រែអំបិលនៅខេត្តកំពត

ព័ត៌មាន
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញបទបញ្ជាមិនឲ្យមានការកែប្រែដីស្រែអំបិលចំនួ…

កូរ៉េខាងជើងចោទប្រធានាធិបតីខាងត្បូងថ្មីថា រណបអាមេរិក

ព័ត៌មាន
គេហទំព័ររដ្ឋរបស់កូរ៉េខាងជើងមួយ បានបរិហារចំៗចំពោះប្រធានាធិបតីកូរ៉េខាងត្បូងដែលទើបជាប់ឆ្នោតថ្មី និងមិនទាន់ទាំងបានធ្វើពិធីចូលកាន់តំណែង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ